អ្នកទោសជាង៥០០នាក់រត់ចេញពីគុកនៅអ៊ីរ៉ាក់
អ្នកទោសយ៉ាងហោចណាស់ជាង៥០០នាក់ ក្នុងនោះមានរួមទាំងមេដឹកនាំជាន់ខ្ពស់របស់ក្រុមភេរវកម្មអាល់កៃដាផង ត្រូវគេរាយការណ៍ថា បានរត់គេចខ្លួនចេញពីមន្ទីរឃុំឃាំង Abu Ghraib ក្នុងប្រទេស អ៊ីរ៉ាក់ កាលពីថ្ងៃទី២១ កក្កដា បន្ទាប់ពីមានការវាយប្រហារមកលើមន្ទីរឃុំឃាំងមួយនេះ។
ការវាយប្រហារទៅលើមន្ទីរឃុំឃាំងខាងលើដែលមានការយាមកាមយ៉ាងតឹងតែងនេះ បានកើតឡើងនៅពេលដែលក្រុមវាយប្រហារដោយគ្រាប់បែកអត្ដឃាត បានបើករថយន្ដផ្ទុកទៅដោយរំសេវផ្ទុះ សម្រុកចូលទៅមន្ទីរឃុំឃាំង អាប៊ូហ្គាបនោះ ដែលស្ថិតនៅជាយក្រុងបាដាដ នាយប់ថ្ងៃទី២១ ខែកក្កដា ជាការបើកផ្លូវដល់ខ្មាន់កាំភ្លើងដទៃទៀតបាញ់ប្រហារទៅលើកម្លាំងសន្ដិសុខដោយកាំភ្លើងត្បាល់ គ្រាប់បែក កាំភ្លើងស្វ័យប្រវត្ដិ។
ក្រៅពីនេះ ក្រុមខ្មាន់កាំភ្លើងអ៊ីស្លាមនិកាយសាន់នី ក៏បានស្ទាក់ផ្លូវចូលទៅកាន់មន្ទីរឃុំឃាំងខាងលើផងដែរ ក្នុងគោលដៅទប់ស្កាត់កម្លាំងអន្ដរាគមន៍របស់រដ្ឋាភិបាល។ ក្នុងពេលជាមួយគ្នានោះ ខ្មាន់កាំភ្លើងមួយចំនួនក៏បានបំពាក់គ្រាប់រំសេវជុំវិញខ្លួនដើរសំដៅចូលទៅមន្ទីរឃុំឃាំងដើម្បីរំដោះបក្ខពួករបស់ខ្លួន។
ការប៉ះទង្គិចគ្នារវាងឆ្មាំគុក នឹងខ្មាន់កាំភ្លើងបានអូសបន្លាយរហូតដល់ព្រឹកថ្ងៃទី២២ ដែលបណ្តាលឲ្យមនុស្សសម្លាប់រហូតដល់១៤នាក់ ក្នុងនោះមានប៉ូលិស១០នាក់ និងទាហាន៤នាក់។ ស្ថានភាពអាចគ្រប់គ្រងបានក្រោយពេលឧត្ថម្ភាគចក្ររបស់កម្លាំងទាហានមកជួយអន្ដរាគមន៍។
ក៏ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ អ្នកទោសជាង៥០០នាក់បានរត់គេចខ្លួនដោយសុវត្ថិភាពពីមន្ទីរឃុំ ឃាំងនេះបាត់ទៅហើយ។
បើតាមសារព័ត៌មានរ៉យទ័រដែលបានដកស្រង់សម្ដីសមាជិកគណៈកម្មាធិការសន្ដិសុខ និងការពារជាតិអ៊ីរ៉ាក់ លោកហាកីម អាល់ហ្សាមីលី ឲ្យដឹងថា អ្នកទោសប្រមាណជាង៥០០នាក់ដែលបានរត់ភៀសខ្លួន ចេញពីមន្ទីរឃុំឃាំងនោះ គឺមានរួមទាំងមេដឹកនាំក្រុមភេរវកម្មអាល់កៃដាដែលត្រូវកាត់ទោសប្រហារជីវិតម្នាក់ផងដែរ។
សូមបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់បែកអត្ដឃាត បានក្លាយទៅជាការពេញនិយមទៅហើយរបស់ក្រុមភេរវកម្មអាល់កៃដា។ ដោយក្នុងនោះការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ រយៈពេល១ខែកន្លងមកបានសម្លាប់មនុស្ស៦០០នាក់ហើយ៕
0 comments:
Post a Comment