រលំបង្គោលដែក សង្កត់ផ្ទះ​ ប្រជាពលរដ្ឋ នៅក្បែរភ្លើងស្ដុប ទេពផន សមត្ថកិច្ចលាក់លៀម

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយកន្លែង បានរងការខូចខាត ក្រោយពីមានករណីរលំបង្គោលដែក នៅតាម បណ្ដោយផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ចុងសបា្ដហ៍ កន្លងទៅនេះ ប៉ុន្ដែ សំណាងល្អមិនបណ្ដាល ឱ្យនរណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
ករណីនេះអាជ្ញាធរខណ្ឌទួលគោក ដែល មានអភិបាលរងមួយរូប និងសមត្ថកិច្ចមូលដ្ឋាន បានលាក់លៀម មិនឱ្យមានការបែក ធ្លាយដល់បណ្ដាញសារព័ត៌មាននោះឡើយ  នាំឱ្យប៉ះពាល់ និងមានការរិះគន់ចំពោះ ការធ្វេសប្រហែសពីការគ្រប់គ្រង របស់អាជ្ញាធរ និងសមត្ថកិច្ចទៅលើការដាំបង្គោលដែក ឬមួយការដាក់ ផ្ទាំងប៉ាណូជាដើម ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលា ម៉ោង ១០យប់ ថ្ងៃ សុក្រ ចុងសបា្ដហ៍កន្លងទៅនេះ មានករណីរលំបង្គោលដែកមួយ ដែលមានទំហំធំសង្កត់លើផ្ទះប្រជាពលរដ្ឋ ក្បែរភ្លើងស្ដុបទេពផន តាមបណ្ដោយផ្លូវ លេខ ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ប៉ុន្ដែ ភ្លាមៗ នោះអាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយអភិបាលរងមួយរូប និងសមត្ថកិច្ចមូលដ្ឋាន បានយករថយន្ដមួយ គ្រឿង មកស្ទូចបង្គោលដែកចេញ ហើយ មិនបានផ្ដល់ព័ត៌មានលំអិតនោះឡើយ ចំពោះបញ្ហានេះ ។
ប្រជាពលរដ្ឋ អំពាវនាវឱ្យអាជ្ញាធរគួរ ពិនិត្យមើលការដាំបង្គោលដែក នៅតាមផ្លូវ ក៏ដូចជាការបំពាក់ផ្ទាំង ផ្សាយពាណិជ្ជកម្មធំៗជាដើម ជៀសវាងការដួលរលំធ្វើឱ្យរងគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាម ដងផ្លូវ ក៏ដូចជាផ្ទះប្រជាពលរដ្ឋដែលនៅជិត ទីតាំងនោះ ។ នេះសំណាងល្អហើយដែលការរលំបង្គោល ដែក មិនបានប៉ះពាល់ និងបណ្ដាលឱ្យប្រជាពលរដ្ឋ នៅក្បែរនោះរងគ្រោះថ្នាក់ ពោលគ្រាន់តែធ្វើឱ្យរងការ ខូចខាតដល់ផ្ទះតែប៉ុណ្ណោះ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment