មាន សូនីតា មាន​អាថ៌កំបាំង​អ្វី​ក្នុង​គ្រួសារ​ពាន់ ភួងបុប្ផា?

 ប្រភពពី៖ PostKhmer
 ភ្នំពេញៈ ក្រោយ​ការ​លើកស្ទួយ​ឡើង​ខ្ពស់​កប់ពពក​ឲ្យ​ក្លាយ​ជា​តួឯក ​ក្នុង​ខ្សែ​រឿងភាគ​និង​ដុំ​៣​រឿង​ជាប់​ៗ​គ្នា​នោះ តារាសម្តែង​ស្រស់បវរ​នាង មាន សូនីតា ក៏​បាន​ក្លាយ​ខ្លួន​ជា​តារាសម្តែង​ស្រី​ដែល​ស្និទ្ធ​បំផុត​ជាមួយ​នឹង​អ្នក​ ដឹកនាំ​រឿង​ម្ចាស់​ពាន​អាណាចក្រតារា​ឆ្នាំ​២០១៣ អ្នកស្រី ពាន់ ភួងបុប្ផា ហើយ​ភាព​ជិតដិត​ប្រៀប​បាន​សាច់ញាតិ​របស់​អ្នក​ទាំង​ពីរ​នេះ ស្រប​ពេល​ដែល​ភាព​ជា​ប្តី​ប្រពន្ធ​រវាង​កូនប្រុស​របស់​អ្នកស្រី ពាន់ ភួងបុប្ផា និង​តារាសម្តែង​ស្រីនាង សោម ម៉ាល័ក្ខ បែកបាក់​គ្នា។ ហេតុផល​នេះ​នាំឲ្យ​មាន សូនីតា ត្រូវ​ស្ថិត​នៅក្នុង​ការ​សង្ស័យ​ថា នាង​ជា​ជន​ទី​៣ នៃ​ការ​បែកបាក់​ស្នេហ៍​របស់​សោម ម៉ាល័ក្ខ។
យ៉ាង​ណា​មិញ​ការ​លើក​ឡើង​ពី​ហេតុផល​នេះ​ត្រូវ​បាន​តារាសម្តែង​ទើប​ឡើង​ កូដ នាង មាន សូនីតា ធ្វើការ​បដិសេធ​ភ្លាម​ថា នាង​មិនមែន​ជា​មនុស្ស​ទី​៣ ចូល​ខ្លួន​បំបែក​ស្នេហ៍​របស់ សោម ម៉ាល័ក្ខ និង​កូន​អ្នកស្រី ពាន់ ភួងបុប្ផា គឺ​លោក ទូច ភួងវីរៈ ទេ។
តារាសម្តែង​ដែល​វេចបង្វេច​ពី​ស្រុក​កំណើត​នៅ​ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម មក​ស្វែងរក​អនាគត​ក្នុង​សង្គម​សិល្បៈ​តាមរយៈ​ការ​ប្រឡង​ហ្វ្រេស៊ី​ឆ្នាំ​ ២០០៩ ជំនាន់​ទី​៨ នាង មាន សូនីតា បាន​ឲ្យ​ដឹង​ថា ថ្វីដ្បិត​តែ​រូប​នាង​បាន​ចូល​កៀក​នៅក្នុង​ទំនាក់ទំនង​នៃ​គ្រួសារ​អ្នកស្រី ពាន់ ភួងបុប្ផា តែ​នាង​មិន​បាន​ដឹង​ឮ​ពី​ការ​បែកបាក់​ស្នេហា​ក្រោម​ដំបូល​អាពាហ៍ពិពាហ៍​របស់ ​លោក​ទូច ភួងវីរៈ និង នាង សោម ម៉ាល័ក្ខ នោះ​ទេ ហើយ​នាង​ក៏​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ដែរ​ហើយ​នាង​ក៏​ មិន​ចង់​និយាយ​បកស្រាយ​ច្រើន​ដែរ ព្រោះ​ខ្លាច​មាន​ការ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​អ្នកស្រី ពាន់ ភួងបុប្ផា ពោល​គឺ​និយាយ​ច្រើន​ខុស​ច្រើន។
តារាសម្តែង​ស្រី​វ័យ​២៤​ឆ្នាំ​រូប​នេះ​និយាយ​ថា​៖​«​បើ​និយាយ​ពី​រឿង​នោះ (​ការ​បែកបាក់ វីរៈ និង​ម៉ាល័ក្ខ) គេ​ចេះ​តែ​ចោទប្រកាន់​ខ្ញុំ​តែ​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​មិន​បាន​ដឹង​រឿង​នេះ​ច្បាស់ ធ្វើឲ្យ​រឿង​កាន់​តែ​រីក​ធំ​។ និយាយ​ទៅ ខ្ញុំ និង​ម៉ាល័ក្ខ ក៏​ជា​អ្នក​រាប់អាន​គ្នា​ដែរ ខ្ញុំ​មិន​ទៅ​លូកលាន់​អ្វី​នៅ​ក្នុង​រឿងរ៉ាវ​របស់​គេ​នោះ​ទេ។ ពួកខ្ញុំ​បាន​បកស្រាយ​អស់​ហើយ ម៉ាល័ក្ខ ក៏​បាន​បកស្រាយ ទាំង​ខ្ញុំ ម៉ាល័ក្ខ និង​អ៊ំ​បុប្ផា សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ពី​រឿង​នេះ ហើយ​ពួកគេ​ក៏​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ពួកគេ​បែក​គ្នា​ដែរ​»។
ទស្សនិកជន​រមែង​បង្ហើប​ការ​ចាប់​អារម្មណ៍​ថា តារាសម្តែង​ប្រសូត​ចេញ​ពី​ហ្វ្រេស៊ី​លេខ​៤ ឆ្នាំ​២០០៩​រូប​នេះ និង​អ្នកស្រី ពាន់ ភួងបុប្ផា មាន​ភាព​ស្និទ្ធស្នាល​ប្លែក​ប្រៀប​បាន​នឹង​គ្រួសារ​តែ​មួយ ហើយ​នៅ​ពេល​ទៅ​ណា​មក​ណា​តែង​មាន​វត្តមាន​ជាមួយ​គ្នា​ជានិច្ច​ដែល​គេ​ចាប់​ អារម្មណ៍​ថា មាន សូនីតា អាច​នឹង​ដើរ​តាម​គន្លង​របស់ នី មុល្លីកា និង​សោម ម៉ាល័ក្ខ ។ ទោះ​បី​មាន​ការ​លើក​ឡើង​យ៉ាង​នេះ​ក្តី ប៉ុន្តែ​តារា​ដែល​កំពុង​ស្ទួច​បាន​ប្រជាប្រិយភាព​មួយ​ក្តាប់​ធំ​នាង មាន​សូនីតា បាន​បញ្ជាក់​ថា រវាង​នាង និង​អ្នកស្រី ពាន់ ភួងបុប្ផា មាន​ទំនាក់ទំនង​ដូច​គេ​ឯង​ធម្មតា មិន​មាន​អ្វី​លើស​ពី​នេះ ហួស​ក្លាយ​ទៅ​ជា​កូនធម៌ ឬ​អ្វី​នោះ​ឡើយ។
ដោយឡែក​អ្នក​និពន្ធ និង​ដឹកនាំ​ការ​សម្តែង​ល្បី​ឈ្មោះ​អ្នកស្រី ពាន់ ភួងបុប្ផា មិន​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​បាន​ទេ​កាលពី​ម្សិលមិញ៕

0 comments:

Post a Comment