លោក អ៊ុង តារា នាយ​សង្កាត់​ព្រៃឈើ​តាខ្មៅ កំពុង​សប្បាយ​កើប​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ តាមផ្លូវ​លេខ២​ លេខ​៣​ និង​លេខ​២១B

ខេត្តកណ្តាល ៖ បើតាម​សេចក្តីរាយការណ៍ ពី​ក្រុម​ឈ្មួញ ​រកស៊ី​ដឹកជញ្ជូន​ឈើ មួយក្រុម​បានឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅ តាម​ដងផ្លូវ​ជាតិ មាន​ក្រុម​ឈ្មួញ ​រកស៊ី​ដឹកឈើ ប្រណីត​ខុសច្បាប់ កំពុងតែ​សម្រុក​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​ខេត្តកណ្តាល ជាពិសេស​ផ្លូវជាតិ​លេខ​២ លេខ​៣ និង​លេខ​២១B ឆ្ពោះទៅ​ប្រទេស​វៀតណាម យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​រំខាន​ដល់ អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ជាពិសេស​គឺ​លោក​អ៊ុង តារា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាខ្មៅ​តែម្តង ។
ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ ប្រណីត​ខុសច្បាប់​ធំៗ​មួយចំនួន សុទ្ធ​តែមាន​ភ្លើង​ខៀវ និង​មានការ​ឃុបឃិត ជាមួយ​មន្ត្រី​មានអំណាច​ធំៗ ទើប​ក្រុម​ឈ្មួញ​ទាំងនោះ អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ឆ្លងកាត់​ទឹកដី​ខេត្តកណ្តាល យ៉ាង​រលូន​ឆ្ពោះទៅ​ប្រទេស​វៀតណាម ទាំងថ្ងៃទាំងយប់ តាមផ្លូវ​គោក​និង​តាមផ្លូវ​ទឹក យ៉ាង​អនាធិបតេយ្យ​បំផុត​។ មានការ​រិះគន់​ទៀតថា  ចាប់តាំងពី​លោក អ៊ុង តារា បាន​ឡើងកាន់តំណែង ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាខ្មៅ គេ​មិនដែល​ឃើញ​លោក អ៊ុង តារា ដឹកនាំ​កម្លាំង​ចុះបង្ក្រាប រាល់​បទល្មើស​ដឹកជញ្ជូន​ឈើ ខុសច្បាប់ ម្តងណា​ឡើយ​។​
ជាក់ស្តែង​រថយន្ត​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ នៅតាម​ដងផ្លូវ​ជាតិ​លេខ​២ លេខ​៣ និង​លេខ​២១B គេ​ឃើញតែ​លោក អ៊ុង តារា ពង្រាយ​កម្លាំង​ចល័ត​ឲ្យ​ចេញ ដាក់​កុងត្រូលជជុះ តាម​ដងផ្លូវ​ជាតិ​ចាំ​ស្ទាក់ ប្រដេញ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ ឲ្យ​ចូល​បង់លុយ​តែប៉ុណ្ណោះ​។ សូម្បីតែ​ប្រជាពលរដ្ឋ ទៅ​ទិញ​ឈើ​យកមក​ធ្វើ​ផ្ទះ​បន្តិចបន្តួច ដឹកជញ្ជូន​តាម​រ៉ឺម៉ក ម៉ូតូ​ក៏ត្រូវ​លោក អ៊ុង តារា បញ្ជា​ឲ្យ​កូនចៅ​ដែល​ប្រចាំការ តាម​កុងត្រូលជជុះ​ទាំងនោះ ចាប់​ឃាត់​ឲ្យ​ចូល​បង់លុយ ដោយ​គិត​ក្នុង ១​ម៉ែត្រគូប​ចំនួន​៥​ម៉ឺន​រៀល ចំណែក​រ៉ឺម៉ក​ម៉ូតូ​ដឹក ធ្យូង​ក៏ត្រូវ​បង់លុយ​ដែរ ដោយ​ក្នុង​១​រ៉ឺម៉ក​ចំនួន​១០​ម៉ឺន​រៀល​។
គ្រប់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឆ្លងកាត់​តាម​ដងផ្លូវ​ជាតិ​លេខ​២ លេខ​៣ និង​លេខ​២១B ដែល​ស្ថិតក្រោម​ការគ្រប់គ្រង របស់លោក អ៊ុង តារា សុទ្ធតែ​ជាប់​កាតព្វកិច្ច ចូល​បង់លុយ​ទាំងអស់​។ ពាក់ព័ន្ធ​ការរិះគន់ និង​ចោទប្រកាន់ថា​លោក អ៊ុង តារា គាបសង្កត់​ជំរិត​ទារលុយ ពី​ប្រជាពលរដ្ឋ​ដែល​ទិញ​ឈើ ពី​តាម​ដេប៉ូ​យក​ធ្វើ​ផ្ទះ​ដូចខាងលើ​នេះ កាសែត​វត្តភ្នំ ព្យាយាម​សុំ​ការបំភ្លឺ​ដែរ តែ​ពុំមាន​ប្រភព​ទាក់ទង​បានទេ​៕    ព្រះ​ច័ន្ទ​

ប្រភពពី វត្តភ្នំ

0 comments:

Post a Comment