គណបក្សសង្គ្រោះជាតិប្រមូលផ្តុំអ្នកបច្ចេកទេស និងអ្នកច្បាប់ដើម្បីពង្រឹងការតវ៉ា (សំលេង)
វិទ្យុបារាំងអន្តរជាតិ៖ គណបក្សសង្គ្រោះជាតិដែលខកចិត្តនឹង ដំណោះស្រាយពាក្យបណ្តឹងនៅ គ.ជ.ប នឹងប្រមូលផ្តុំអ្នកជំនាញបច្ចេកទេសខាងការបោះឆ្នោតរបស់ខ្លួន ក្នុង សិក្ខាសាលាមួយ នៅថ្ងៃអាទិត្យទី១៨សីហានេះ ដើម្បីពិភាក្សារិះរក យុទ្ធសាស្ត្របន្ថែមទៀត ក្នុងការបង្កើនទម្ងន់នៃការតវ៉ា។ សិក្ខាសាលា នេះ នឹងដឹកនាំផ្ទាល់ដោយលោក សម រង្ស៊ី និងលោកកឹម សុខា។
បើយោងតាមសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ សិក្ខាសាលានេះនឹងបង្ហាញពីភាពមិនប្រក្រតីនានាដែលកើតមាននៅថ្ងៃ បោះឆ្នោត និងក្នុងអំឡុងពេលសវនាការរបស់ គ.ជ.ប។ លោកស្រី មួរ សុខហួរ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បានប្រាប់វិទ្យុបារាំងអន្តរជាតិ បន្ថែមថា ក្រុមអ្នកបច្ចេកទេស អ្នកច្បាប់ និងមន្ត្រីធ្វើការងារពាក់ព័ន្ធនឹងការបោះឆ្នោតរបស់គណបក្ស សង្គ្រោះជាតិ នឹងជួបជុំគ្នាក្នុងសិក្ខាសាលាដែលប្រព្រឹត្តទៅនៅ ទីស្នាក់ការគណបក្សក្នុងសង្កាត់ចាក់អង្រែ។
បើយោងតាម លោកស្រី មួរ សុខហួរ លទ្ធផលដែលសម្រេចបានក្នុងសិក្ខាសាលានេះ នឹងដាក់ជូនសាធារណជន អ្នកសារព័ត៌មាន ព្រមទាំងអង្គទូតនានា ដើម្បីស្វែងយល់បន្ថែមអំពីភាពមិនប្រក្រតី ក្នុងការបោះឆ្នោត។ នេះជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀតរបស់គណបក្សប្រឆាំង ក្នុង ការតវ៉ាជំទាស់ទៅនឹងលទ្ធផលនៃការបោះឆ្នោត។ លោក សម រង្ស៊ី បានប្រាប់ឲ្យដឹងនៅពេលវិលត្រឡប់ពីបរទេសវិញ កាលពីថ្ងៃសុក្រថា លោកនឹងរិះរកវិធីគ្រប់បែបយ៉ាងដើម្បីតវ៉ាដោយសន្តិវិធីក្នុងការរក ដំណោះស្រាយបញ្ហាបោះឆ្នោត ដោយមិនចង់ប្រើប្រាស់បាតុកម្មឡើយ។
យ៉ាងណាក៏ដោយ គណបក្សគូទំនាស់ទាំងពីរនៅមិនទាន់ព្រមព្រៀងគ្នាចូលតុចរចាឡើងវិញនៅ ឡើយទេ បន្ទាប់ពីខ្វែងគំនិតគ្នាអំពីតួនាទីរបស់ គ.ជ.ប នៅក្នុងគណៈកម្មការចម្រុះ។គណបក្សប្រជាជនកម្ពុជាដែលសម្អាងលើផទ្ធផល បោះឆ្នោតប្រកាសដោយ គ.ជ.ប កំពុងត្រៀមខ្លួនដឹកនាំរដ្ឋាភិបាលជាថ្មី។
ចំណែកឯគណបក្សប្រឆាំងវិញដែលប្រកាសថា ខ្លួនចាញ់ឆ្នោតដោយសារតែការលួចបន្លំនោះនៅតែអះអាងថានឹងធ្វើ អ្វីគ្រប់យ៉ាង ដើម្បីការពារជ័យជំនះរបស់ខ្លួន។ ការប្រឈមមុខដាក់គ្នារវាងបក្សឈ្នះឆ្នោតទាំងពីរ នាំឲ្យពលរដ្ឋ ព្រួយបារម្ភអំពីអស្ថិរភាពសង្គម៕
----------
ដោយ ប៉ែន បូណា
0 comments:
Post a Comment