អតិថិជន​ផ្អើល​ក្រុមហ៊ុន​មិតហ្វូន​បិទ Facebook (សំលេង)

ប្រភព៖នាវា


វិទ្យុអាស៊ីសេរី៖ អតិថិជន​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ មិតហ្វូន (Metfone) នាំ​គ្នា​ផ្អើល​ថា ក្រុមហ៊ុន​នេះ​បិទ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

ការ​ភ្ញាក់​នេះ គឺ​កើត​ឡើង​នៅ​ពេល​ដែល​ប្រើប្រាស់​បើក​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក តាម​ប្រព័ន្ធ​ទូរស័ព្ទ មិតហ្វូន មិន​បាន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៣។






បញ្ហា​បើក​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក មិន​បាន​អស់​រយៈ​ពេល​ជាង ៣​ម៉ោង បាន​បង្ក​ឱ្យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជា​ច្រើន ជ្រួលច្របល់ ដោយ​ផ្ញើ​សារ​សួរ និង​ជូន​ដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​ខ្លះ​ទៀត​សង្ស័យ​ថា ការ​បើក​មិន​បាន​នេះ​ទាក់ទង​ទៅ​នឹង​ការ​ទប់​ស្កាត់​សារ​នយោបាយ​របស់​គណបក្ស​ប្រឆាំង។

បន្ទាប់​ពី​កើត​មាន​បញ្ហា​បើក​ហ្វេសប៊ុក មិន​បាន​នេះ នៅ​ល្ងាច​ថ្ងៃ​ទី​៧ សីហា អង្គការ​សិទ្ធិ​មនុស្ស​មិន​មែន​រដ្ឋាភិបាល​កម្ពុជា ចំនួន ១៣ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដោយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​មិតហ្វូន ចេញ​សេចក្ដី​ពន្យល់​អំពី​ការ​បិទ​ហ្វេសប៊ុក បណ្ដោះអាសន្ន​នេះ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ គឺ​លោក អំ សំអាត ថ្លែង​ថា ក្រុម​អង្គការ​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ ក៏​ព្រោះ​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ និង​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​តាម​រយៈ​ហ្វេសប៊ុក​នេះ។

ការ​សង្ស័យ​ទាក់ទង​នឹង​នយោបាយ ដោយសារ​តែ​បញ្ហា​បើក​ហ្វេសប៊ុក តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​មិតហ្វូន (Metfone) មិន​បាន​នេះ កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី សរសើរ​ពី​ការ​ឈ្នះ​សំឡេង​ឆ្នោត​របស់​លោក​នៅ​ខេត្ត​ធំៗ​ខ្លះ ដោយសារ​បណ្ដាញ​ហ្វេសប៊ុក​របស់​យុវជន។

អង្គការ​សិទ្ធិមនុស្ស​មិន​មែន​រដ្ឋាភិបាល​កម្ពុជា ចំនួន ១៣ បាន​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ដោយសារ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​និង​ទូរទស្សន៍ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល ទើប​ពលរដ្ឋ​កម្ពុជា ភាគ​ច្រើន​ពឹង​ផ្អែក​លើ​បណ្ដាញ​ហ្វេសប៊ុក ដើម្បី​ទទួល​ព័ត៌មាន​ឯករាជ្យ ហើយ​ចែកចាយ​ចំណាប់​អារម្មណ៍ មតិ និង​ជំនឿ​ផ្សេងៗ​របស់​ខ្លួន ជា​ពិសេស បណ្ដាញ​ហ្វេសប៊ុក បាន​ដើរ​តួនាទី​យ៉ាង​ច្រើន​នៅ​ក្នុង​ពេល​បោះឆ្នោត។

ឆ្លើយ​តប​នឹង​បញ្ហា​បើក​ហ្វេសប៊ុក មិន​បាន​នេះ ត្រូវ​បាន​ប្រធាន​ក្រុម​ទីផ្សារ អ៊ិនធឺណិត (Internet) គឺ​លោក ជា ចាន់ ថ្លែង​ថា ក្រុមហ៊ុន​មិន​បាន​បិទ​ទេ គឺ​បណ្ដាល​មក​ពី​ប្រព័ន្ធ​ម៉ាស៊ីន ស៊ើវើ (Sever) មាន​បញ្ហា។

មន្ត្រី​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​បន្ទាន់ ឬ​ហៅ​ថា ហត់ឡាញ (Hotline) របស់​ក្រុមហ៊ុន​មិតហ្វូន ដែល​មិន​បញ្ជាក់​ឈ្មោះ ពន្យល់​បន្ថែម​ថា មក​ពី​ប្រព័ន្ធ​បណ្ដាញ​នីមួយៗ​មិន​គាំទ្រ​គ្នា។

ទោះ​ជា​ដូច្នេះ​ក្ដី អង្គការ​សិទ្ធិមនុស្ស​មិន​មែន​រដ្ឋាភិបាល​កម្ពុជា​ទាំង ១៣ នៅ​តែ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​មិតហ្វូន​ពន្យល់​ជា​លាយលក្ខណ៍អក្សរ​ឱ្យ​បាន​ពេញលេញ​ចំពោះ​មូលហេតុ​អាក់​ខាន​ផ្ដល់​ហ្វេសប៊ុក​នេះ រួម​ទាំង​ការ​បិទ​គេហទំព័រ​ឈ្មោះ ខេអាយ មីឌា (KI Media) ចាប់​តាំង​ពី​ឆ្នាំ​២០១១ ផង៕

0 comments:

Post a Comment