ប្រទះ​ឃើញ​គ្រាប់​បែក​១​គ្រាប់​នៅ​ក្បែរ​វេទិកា​បក្ស​ប្រឆាំង​ជួប​ជុំ​នៅ​សៀមរាប

វិទ្យុអាស៊ីសេរី៖ គ្រាប់​បែក​មួយ​គ្រាប់​ត្រូវ​ប្រទះ​ឃើញ​នៅ​ក្បែរ​វេទិកា​ដែល​គណបក្ស​ សង្គ្រោះ​ធ្វើ​ពិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​ខេត្ត​សៀមរាប។ គ្រាប់​បែក​ចាស់ ដែល​ស្គាល់​ថា​ប្រភេទ​គ្រាប់​បែក​ទឹក​ដោះ ទំនង​ថា​នាំ​ចូល​មក​ពី​សហរដ្ឋ​អាមេរិក ត្រូវ​ប្រទះ​ឃើញ​នៅ​លើ​ដី​ត្រង់​កន្លែង​ដែល​មហាជន​បាន​ទៅ​ជួប​ប្រជុំ​គ្នា ក្នុង​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​វេទិកា​នៅ​ក្បែរ​របង​វត្ត​គង់ម៉ុច ដែល​គេ​រៀប​ចំ​ស្វាគមន៍​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ពេល​ដែល​លោក​ចុះ​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កញ្ញា នៅ​ខាង​កើត​ស្ទឹង​សៀមរាប ក្នុង​ភូមិ​កក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប។
អ្នក​ចូល​រួម​បាន​ឃើញ​គ្រាប់​បែក​នោះ​នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក គឺ​នៅ​ក្រោយ​ពេល​ដែល​អ្នក​ចូល​រួម​ភាគ​ច្រើន​បាន​នាំ​គ្នា​ហែ​ក្បួន​ជា​មួយ លោក សម រង្ស៊ី ទៅ​ធ្វើ​ពិធី​បួង​សួង​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម។
សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គ្រាប់​បែក​ចាស់​មួយ​គ្រាប់​នោះ​ទំនង​ជា​កប់​នៅ​ក្នុង​ដី​ជា​ច្រើន​ឆ្នាំ​មក ​ហើយ។ វា​អាច​លេច​ចេញ​ពី​ដី​នៅ​ពេល​មាន​មនុស្ស​ច្រើន​ទៅ​ជាន់​លើ​ដី​ដែល​បាន​កប់​ វា។ មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពុំ​បាន​សង្ស័យ​ថា អាច​មាន​មនុស្ស​ដាក់​គ្រាប់​បែក​នោះ​ឡើយ។
យ៉ាង​ណា អ្នក​នៅ​កន្លែង​ប្រទះ​ឃើញ​គ្រាប់​បែក និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ការ​ជួប​ប្រជុំ​នោះ នៅ​តែ​ចាត់​ទុក​ថា គ្រប់​បែក​មួយ​គ្រាប់​នោះ គឺ​ត្រូវ​គេ​ដាក់ ព្រោះ​គេ​ពុំ​បាន​ប្រទះ​ឃើញ​ស្នាម​ដី​ស្រុត ឬ​របើក ដែល​អាច​អោយ​គ្រាប់​បែក​នោះ​លេច​ចេញ​មក​ឡើយ។

មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​ឃ្លាំ​មើល​នៅ​ទីតាំង​មាន​គ្រាប់​បែក​នោះ រង់ចាំ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ និង​ដោះ​គ្រាប់​បែក។ គ្រាប់​បែក​នោះ គឺ​ស្ថិត​ក្នុង​សភាព​សឹក​រេចរឹល​ខ្លាំង ជា​ពិសេស​កន្លាស់​របស់​វា​បាន​សឹក​ស្ទើរ​របេះ​ដាច់ ធ្វើ​អោយ​រលង់​ស្លាបព្រា ដែល​មាន​ន័យ​ថា វា​អាច​ផ្ទុះ​បាន​គ្រប់​ពេល​វេលា​នៅ​ពេល​ដែល​មាន​កម្លាំង​ប៉ះពាល់​ខ្លាំង ឬ​រមៀល​ខ្លាំង។
នៅ​ក្នុង​ការ​ជួប​ប្រជុំ​នៅ​ព្រឹក​នេះ គឺ​មាន​ពលរដ្ឋ​ចូល​រួម​ជាង ២.០០០​នាក់ ក្នុង​ពេល​នោះ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​គឺ លោក សម សង្ស៊ី និង លោក កឹម សុខា បាន​ប្រកាស​កៀងគរ​អ្នក​សៀមរាប អោយ​ចូល​រួម​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត ដែល​គ្រោង​ធ្វើ​នៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ១៦ និង​១៧ ខែ​កញ្ញា។
-------------
ប្រភព៖នាវា

រក្សាសិទ្ធិ © ២០០៦ វិទ្យុ​អាស៊ីសេរី ។ បោះពុម្ព​ផ្សាយ​បន្ត​ដោយ​មាន​ការអនុញ្ញាត​ពី​វិទ្យុ​អាស៊ីសេរី ​ដែល​មាន​ អាសយដ្ឋានៈ 2025 M St. NW, Suite 300, Washington DC 20036 ។ គេហទំព័រៈ www.rfa.org ។










0 comments:

Post a Comment