មហាបាតុកម្មរបស់ បក្សសង្គ្រោះជាតិ ឈានដល់ ការផ្ទុះអំពើហិង្សា (មានវីដេអូ)

- លោកស្រី មូរ សុខហួរ ហាមមិនឲ្យបាតុករ សម្រុកទៅកន្លែងប៉ះទង្គិច បើមានបញ្ហាទទួល ខុសត្រូវខ្លួនឯង
- លោកស្នងការ ជួន សុវណ្ណ៖ កម្លាំងសមត្ថកិច្ចអត់ធ្មត់ជាអតិបរមា តែកម្លាំងបាតុករបានប្រើ អំពើហិង្សាដាក់សមត្ថកិច្ច
ភ្នំពេញ៖ ក្រុមបាតុករមួយផ្នែកនៃមហាបាតុកម្មរបស់ គណបក្សសង្រ្គោះជាតិ បានឈានដល់ដំណាក់កាលផ្ទុះ អំពើហិង្សាហើយយ៉ាងធ្ងន់ធ្ងរនៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៣នេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងកម្លាំងបាតុករ និងកម្លាំងសមត្ថកិច្ច នៅមុខវត្តឧណ្ណាឡោម ខណ្ឌដូនពេញ។
ការឈានដល់អំពើហិង្សាបានកើតឡើងនៅពេលក្រុមបាតុកររាប់រយនាក់ ព្យាយាមដើរដង្ហែក្បួនទៅមុខព្រះបរមរាជវាំង ដោយទម្លុះរណាំងបន្លាលួសរបស់សមត្ថកិច្ច។
នៅពេលការប៉ះទង្គិចគ្នានោះ កម្លាំងបាតុករបានប្រើដុំថ្មគប់សន្ធាប់ទៅលើសមត្ថកិច្ច បណ្តាលឲ្យសមត្ថកិច្ចចេញ ប្រើកម្លាំងជាច្រើន ចេញមកទប់ទល់ និងប្រើរថយន្តពន្លត់អគ្គិភ័យ និងគ្រាប់បែកផ្សែងបាញ់បំបែកក្រុមបាតុករផង ដែរ។
នៅភ្លាមៗនោះ ពីទីលានប្រជាធិបតេយ្យ ក្រុមយុវជនជាបាតុករជាច្រើននាក់ បានគ្រោងនាំគ្នាចេញទៅកន្លែងប៉ះ ទង្គិច ដើម្បីចូលរួមជួយតទល់ជាមួយកម្លាំងរបស់ខ្លួន។ រីឯលោក ស្រី មូរ សុខហួរ វិញ បានប្រកាសរារាំងមិនឲ្យ ក្រុមបាតុករចេញទៅកន្លែងប៉ះទង្គិចបន្ថែមនោះទេ ហើយបានអះអាងប្រកាសគំរាមថា ក្រុមបាតុករដែលចេញទៅ នោះ បើមានគ្រោះថ្នាក់ ឲ្យទទួលខុសត្រូវខ្លួនឯង។
ក្រោយពេលប៉ះទង្គិចមួយសន្ធុះក្រុមបាតុករបានគប់ដុំថ្មយ៉ាងសន្ធាប់ទៅលើកម្លាំងសមត្ថកិច្ច បណ្តាលឲ្យមន្រ្តីនគរបាលកម្រិតធ្ងន់ម្នាក់ មានរហស្សនាម ទិវា ០៣ រងរបួសធ្ងន់។ ក្រោយការប៉ះទង្គិចកាន់តែធ្ងន់ធ្ងរកម្លាំងសមត្ថកិច្ច ក៏បានបន្ថែមកម្លាំងសមត្ថកិច្ច និងរថយន្តបាញ់ទឹកជាច្រើនគ្រឿងផងដែរ ទៅកន្លែងប៉ះទង្គិច។
រហូតដល់វេលាម៉ោង ៥ និង១៥នាទីល្ងាចថ្ងៃដដែលនេះ កន្លែងប៉ះទង្គិចនៅម្តុំមុខវត្តឧណ្ណាឡោម ក្រុមបាតុករ ដែលគេដឹងថា ភាគច្រើនជាប្រជាសហគមន៍នៅបុរីកីឡា និងបឹងកក់ នៅម្ខាង រីឯកម្លាំងសមត្ថកិច្ច ប្រដាប់ដោយខែល និងដំបងត្រៀមទប់ទល់នៅម្ខាង។
ដោយឡែកលោកស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានចូលជួបពិភាក្សាជាមួយមន្រ្តីអង្គការសហប្រជាជាតិ ដើម្បីរកដំណោះស្រាយ។
- នៅម៉ោង ៥ និង៣៣នាទីល្ងាចថ្ងៃនេះ លោកស្នងការ ជួន សុវណ្ណ បានបញ្ចប់ជំនួបចរចាជាមួយមន្ត្រីអង្គការសហប្រជាជាតិ និងបន្តជួបចរចាជាមួយលោក សម រង្ស៊ី។
ក្នុងជំនួបចរចាជាមួយមន្រ្តីអង្គការសហប្រជាជាតិ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ មិនបានបញ្ជាក់ពីលទ្ធផល នៃកិច្ចប្រជុំនោះទេ។
- នៅងម៉ោង ៥ និង៤៣នាទីល្ងាច លោក សម រង្ស៊ី បានប្រកាសឲ្យក្រុមបាតុករបញ្ឈប់ការប្រើអំពើហិង្សា ព្រមទាំងថ្លែងថ្កោលទោស ចំពោះក្រុមបាតុករ ដែលប្រើដុំថ្មគប់ដល់សមត្ថកិច្ច។ លោក សម រង្ស៊ី ក៏បានដឹកនាំក្រុមបាតុករត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញផងដែរ។
ទន្ទឹមគ្នានេះ លោកស្នងការ ជួន សុវណ្ណ ក៏បានថ្លែងថា កម្លាំងសមត្ថកិច្ចរបស់លោក បានអត់ធ្មត់ដល់កម្រិត ហើយការប្រើរថយន្តបាញ់ទឹកនេះ គឺជាសិទ្ធិស្វ័យការពារខ្លួន គ្រាងក្រុមបាតុករផ្ទុះអំពើហិង្សា និងគប់ដុំថ្មលើសមត្ថកិច្ច។
លោកស្នងការ បានបន្តថា បើតាមកម្លាំងសមត្ថកិច្ច ដែលមានរាប់រយនាក់ ខណៈកម្លាំងបាតុករមានជិត១០០នាក់នោះ បើសមត្ថកិច្ចបង្រ្កាបគ្មាននរណាអាចរត់រួច នោះទេ។ តែអ្វីដែលសមត្ថកិច្ចធ្វើ គឺគ្រាន់តែជាការការពារប៉ុណ្ណោះ។
លោកបានបន្តថា ក្រុមបាតុករភាគច្រើន ជាក្រុមបាតុករចម្រុះ គ្មានមេគ្រប់គ្រងច្បាស់លាស់ និងមានចេតនាបង្កចលាចលតែម្តង។ លោកបន្តថា ក្រុមបាតុករភាគច្រើន ជាក្រុមបាតុករដង្ហែជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា ទៅព្រះអង្គដងកើព្រឹកមិញ ពេលលោក សម រង្ស៊ី និង លោក កឹម សុខា ត្រឡប់ទៅវិញ ក្រុមបាតុករទាំងអស់នេះ មិនបានត្រឡប់ទៅវិញជាមួយនោះទេ។
ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បន្តថា បន្លាលួសដែលដាក់ការពារនោះ គឺដើម្បីការពារក្រុមបាតុករចូលទៅរំខានព្រះមហាក្សត្រ។
នៅម៉ោងកម្លាំងបាតុករបាននាំគ្នា ទៅរើបារ៉ាស់នៅមុខរោងកុនលុច្ស កម្លាំងសមត្ថកិច្ចកំពុងរារាំង។
កម្លាំងសមត្ថកិច្ច និងក្រុមបាតុករកំពុង ប្រឈមមុខដាក់គ្នាទៀតហើយ នៅមុខរោងកុនលុច្ស សមត្ថកិច្ចយករថយន្តទឹកត្រៀមទប់ស្កាត់ នៅម៉ោង ៦៖២០នាទី ។
នៅម៉ោង ៦និង៥០នាទីល្ងាចនេះ លោក សម រង្ស៊ី ប្រកាសឲ្យក្រុមបាតុករសម្រាក រង់ចាំបន្តធ្វើបាតុកម្មនៅថ្ងៃស្អែក ។
នៅម៉ោង ៧ និង០៨នាទីយប់ កម្លាំងបាតុករជាច្រើននាក់ នាំគ្នាសម្រុកចូលទៅឡោមព័ទ្ធផ្ទះអ្នកស្រី ឈឹម វត្តី ម្ចាស់សំអាងការលុច្ស ព្រមទាំងគប់ដុំថ្មទៅលើរោងកុនលុច្ស។
នៅម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ក្រុមបាតុករនៅបន្តប្រមូលផ្តុំនៅមុខរោងកុនលុច្ស ទោះបីលោកស្រី មូរ សុខហួរ ទៅអន្តរាគមន៍ ក៏មិនរំសាយដែរ ហើយ លោកស្រីក៏បានចាកចេញពីផ្តុំនោះទៅ។
នៅម៉ោង ៨ និង២នាទីយប់ថ្ងៃដដែលនេះ ក្រុមបាតុករមួយចំនួន ដែលប្រមូលផ្តុំនៅមុខរោងកុនលុច្សនោះ បានរំសាយហើយ បន្ទាប់ពីមានការអន្តរាគមន៍ពីសមត្ថកិច្ច និងអាជ្ញាធរខណ្ឌដូនពេញ។ រីឯក្រុមបាតុករនៅទីលានប្រជាធិបតេយ្យក៏រំសាយច្រើនដែរ អ្នកស្នាក់នៅក្រោមតង់មានចំនួនតិចតួចប៉ុណ្ណោះ៕


_______________________
ប្រភពអត្ថបទ៖ដើមអំពិល

0 comments:

Post a Comment