វីដេអូ​ដែល​បានទស្សនា​ហើយ​ធ្វើ​ឲ្យ​រំជួល​ចិត្ត​ដល់​ស្រក់ទឹក​ភ្នែក​ (មានវីដេអូ)

វីដេអូ​ដែល​មាន​រយៈពេល​ត្រឹម​តែ​៣នាទី តែ​ប្រកប​ដោយ​គុណភាព និង​អត្ថន័យ​ជ្រៀល​ជ្រៅ​ស្តី​អំពី​​ការ​ចេះ​អធ្យាស្រ័យ​ក្នុង​សង្គម និង​ការ​កសាង​អំពើ​ល្អ​ជារឿយ​ៗ​របស់​មនុស្ស​ល្អ។
ព្រោះ​តែ​ម្តាយ​កំពុង​មាន​ជំងឺ ហើយ​មិនមាន​ប្រាក់​ដើម្បីទិញថ្នាំ​ព្យា​បាល បាន​ធ្វើ​ឲ្យ​កុមារ​ម្នាក់​សម្រេចចិត្ត​ចូល​ទៅ​លួចថ្នាំ​នៅ​ឳសថស្ថាន​មួយ តែ​ត្រូវ​បាន​ម្ចាស់​របស់គេ​តាម​ទាន់​និង​វាយ​ធ្វើ​បាប។ ជាកុសលល្អ បុរសចំណាស់​ អ្នករកស៊ី​លក់អាហារ​តាមចិញ្ចើម​ផ្លូវ បាន​ចេញ​មកជួយ និង​បាន​ចេញ​ថ្លៃ​ថ្នាំ​នោះ​ឲ្យ​ទៅ​កុមារ​កំសត់។
៣០​ឆ្នាំ​ក្រោយ បុរស​អ្នក​លក់តាម​ចិញ្ចើម​ផ្លូវ​នៅ​តែ​បន្ត​កសាង​អំពើ​ល្អ​របស់ខ្លួន គឺការ​ដាក់ទាន និង​ការ​បរិច្ចាគ​ដល់​មនុស្ស​កំពុង​អត់ឃ្លាន​ ជាមួយ​នឹង​ស្នាម​ញញឹម​ពេញ​ចិត្ត​និង​អំពើ​ល្អរបស់ខ្លួន។ ជាអកុសល​គាត់​ត្រូវ​បាន​ជួប​គ្រោះ​ថា្នក់​ដោយ​ជំងឺ​បេះដូង ត្រូវដួល​សន្លប់ និង​ត្រូវ​ធ្វើ​ការវះកាត់​ជាបន្ទាន់។ ការចំណាយ​ក្នុង​ការវះ​កាត់​គឺហួស​ពីលទ្ធភាព​របស់កូនស្រី​របស់គាត់ ដូច្នេះ​បាន​សម្រេចចិត្ត​លក់​ផ្ទះ និង​ទ្រព្យ​សម្បត្តិ​ដើម្បី​បង់ថ្លៃព្យាបាល។
តែ​ទីបំផុត វិក្ក័យបត្រ​របស់ពេទ្យ បាន​ធ្លាក់មកដល់ដៃ​នាង​ជាកូនស្រី​បង្ហាញ​ថា ថ្លៃ​ព្យាបាល ថ្លៃវះកាត់ ថ្លៃ​ចាយវាយ​គ្រប់បែប​យ៉ាង មិនត្រូវ​បាន​គិត​ឡើយ ធ្វើ​ឲ្យនាង​សប្បាយ​ផង​​ឆ្ងល់ផង​។ វិក្ក័យបត្រ​បាន​សរសេរ​រៀបរាប់ថា៖

តំលៃ​ព្យាបាល​សរុប ០ បាត

គ្រប់តំលៃ​ព្យាបាល​ទាំងអស់ បាន​បង់រួចហើយ​កាលពី​ ៣០ឆ្នាំមុន..!

តាមការពិត លោកវេជ្ជបណ្ឌិត ដែល​ទទួលបន្ទុក​ព្យាបាល​បុរសចាស់នោះ គឺ​ជាកុមារា​ម្នាក់​ដែល​គាត់​បានជួយ និងចេញថ្លៃថ្នាំ​ឲ្យ​កាល​ពី​៣០​ឆ្នាំមុន។
នេះ​ហើយ​គឺការកសាង​អំពើល្អជាប្រចាំ.. ថ្ងៃ​ណាមួយ​អំពើល្អ​របស់អ្នក​នឹង​ហុចផល​មកវិញ​ដោយ​គាប់ចិត្ត។ ចុងក្រោយ​ ខ្សែវីដេអូ​នេះ​បាន​ដាក់​ចំណង​ជើងថា «Giving is the best communication _ ការបរិច្ចាគ​គឺ​ជា​ទំនាក់ទំនង​ដ៏សែនល្អ»៕
ខ្សែភាពយន្តខ្លីនេះ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ទូរទស្សន៌ True Version HD របស់ថៃ។ សូមរីករាយ​ទស្សនា​ទាំងអស់គ្នា..!



0 comments:

Post a Comment