ចំ​ណាយ​ពេល​ជាង​១​ទស​វត្សរ៍ លុយ​ជាង​១​សែន​ដុល្លារ ស្រាវ​ជ្រាវ និង​ផលិត​ជី​ធម្ម​ជាតិ​តាម​ក្តី​ស្រ​មៃ , អាច​ផលិត​បាន​ហើយ អត់​លទ្ធ​ភាព​ផលិត​លក់

-អ្នករកឃើញការផលិតជីធម្មជាតិ អំពាវនាវរកដៃគូសហការ
ភ្នំពេញ៖ ដើម្បីសម្រេចតាមក្តីស្រមៃ និងបំណងប្រាថ្នា បានជំរុញឲ្យបុរសវ័យ ៤០ប្លាយម្នាក់ សុខចិត្តចំណាយ ពេលវេលាជាង ១ទសវត្សន៍ និង លុយជាង ១សែនដុល្លារអាមរិក ស្រាវជ្រាវផលិតជីធម្មជាតិ ឲ្យខាងតែបាន ។
នៅពេលដែលជីផលិតបានហើយ បុរសខាងលើនៅតែ មិនអាចសម្រេចបំណងប្រាថ្នា របស់ខ្លួនបានទៀត ដោយ សារតែគ្មានលទ្ធភាព ដើម្បីអាចផលិតចែកចាយ ឲ្យប្រជាកសិករកម្ពុជា ប្រើប្រាស់ព្រោះតែខ្វះខាតថវិកា។
លោក ហៀង សំណាង អាយុ៤៦ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលអះអាងថា ខ្លួនបាន ចំណាយ ពេលជាង១០ឆ្នាំ និងលុយជាង១០ ម៉ឺនដុល្លារ បានធ្វើដំណើរមកដល់ទីស្នាក់ការ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សុំឲ្យជួយចុះផ្សាយព័ត៌មានរបស់ខ្លួន ក្រែងរកបានអ្នកចង់សហការ រកស៊ីផលិតជីធម្មជាតិជាមួយខ្លួន។
លោក ហៀង សំណាង បានរៀបរាប់ពីដំណើរដើមទង នៃការស្រាវជា្រវផលិតជីធម្មជាតិថា ខ្លួនបានស្រាវជ្រាវ ផលិតជីបានសម្រេចតាមបំណង នៅក្នុងឆ្នាំ២០១១ ហើយពេលនោះលោកក៏បានផលិតលក់ ឲ្យប្រជាពលរដ្ឋរស់ នៅខេត្តសៀមរាប និងបាត់ដំបង ១ថ្ងៃផលិតបាន១តោន ដោយយកទៅប្រើជាមួយដំណាំស្រូវ និងដំណាំក្រូច។ ផលិតបានតែជាង១០០តោនប៉ុណ្ណោះ លទ្ធភាពនៃការផលិតរបស់គាត់លែងមានតទៅទៀត ដោយសារតែ កសិករ ពួកគាត់ត្រូវការសេវា ជំពាក់ពេញ១រដូវកាល បានសេចក្តីថា កសិករទិញនៅពេលបង្កបង្កើនផល ដល់ពេលប្រមូល ផល ទើបបង្វឹលលុយឲ្យវិញ។ ដូច្នេះ ទើបលោកជួបបញ្ហាហិរញ្ញវត្ថុ មិនអាចស៊ូផលិតតទៅទៀតបាន។
ក្នុងទឹកមុខប្រកបដោយក្តីមហិច្ឆិតា លោក ហៀង សំណាង បានរៀបរាប់បន្តថា ជីធម្មជាតិ ដែលខ្លួនអាចផលិត គឺវត្ថុធាតុដើម បានពីកាកសំណល់ ប្រើប្រាស់ប្រចាំថ្ងៃ ។ វត្ថុធាតុដើមសំខាន់ៗមួយចំនួនរួម លាមកសត្វ ឆ្អឹងសត្វ ល្បាប់សមុទ្រ ផេះអង្កាម សំណល់មច្ឆា សំណល់ស្រាបៀរ និង សំណល់រោងចក្រដំឡូងមីជាដើម។ ការផលិត ជីធម្មជាតិ លោក សំណាង អាចផលិតបានជីធម្មជាតិបាន៣ប្រភេទ៖ ទី១ជីធម្មជាតិគ្រាប់ ចែកចេញជា២គ្រាប់វែង និងគ្រាប់មូល។ ទី២ ជីធម្មជាតិម្សៅ និង ទី៣ ជីធម្មជាតិទឹក។ លោកបន្តថាទៀតថា ជីដែលខ្លួនផលិតមានកម្រិត NPK ប្រមាណជាង ១០ភាគរយ ដែលជី នាំចូលពីបរទេសមានកម្រិត NPK តែប្រមាណជាង ៧ភាគរយប៉ុណ្ណោះ ដែលកម្រិតនេះត្រូវបានក្រសួងកសិកម្ម ចុះពនិត្យ និងវាយតម្លៃ មាននគុណភាពអាចទទួលយកបាន។
លោក សំណាង បន្ថែមទៀតថា «ខ្ញុំឃើញថា ការស្រាវជ្រាវរកឃើញនេះមានតម្លៃខ្ពស់ណាស់ ។ ខ្ញុំមិនចង់ឲ្យការ ខិតខំរបស់ខ្ញុំជាង១ទសវត្សរ៍នេះ វាក្លាយជាអាសបង់នោះទេ ដូច្នេះហើយទើបស្វែងរកគាំទ្រពីដៃគូសហការ ដើម្បី ផលិតជីធម្មជាតិដែលជួយទាំងបរិស្ថាន ទាំងសុខភាព របស់ប្រជាពលរដ្ឋយើង»។… ខ្ញុំមិនអាចរត់រួចដោយសារតែ បងប្អូនកសិករដែលទិញជីរបស់ខ្ញុំនៅបាត់ដំបង និង សៀមរាប ត្រូវការជំពាក់មួយរដូវ (៦ខែ) ដូចនេះ ធ្វើឲ្យបញ្ហា លុយបង្វឹលមិនមាន ក៏ផ្អាករហូតដល់ពេលនេះ»។
ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយ ហិរញ្ញវត្ថុនេះ បុរសមានកូនពីរនាក់ និងប្រពន្ធដែលមានជំងឺ ធ្ងន់ធ្ងរបន្ថែម ទៀតថា ខ្លួនធ្លាប់បានស្វែងរកការខ្ចីពីធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែរ តែគ្មានកន្លែងណាឲ្យ លោក ខ្ចីឡើយ បើទោះបីសម្ភារៈ និងវត្ថុធាតុដើមរបស់ខ្លួន ដែលផលិតជីមានតម្លៃដល់ ៣ម៉ឺនដុល្លារ សុំខ្ចីពីគេតែ១ ម៉ឺន ដុល្លារ ក៏មិនបានដែរ។ បន្ទាប់ពី បរាជ័យក្នុងការសុំខ្ចីពីធនាគារក៏ដោយក៏លោក សំណាង មិនអស់សង្ឃឹមដែរ លោក បានព្យាយាមសុំជួបជាមួយ ក្រុមហ៊ុននាំចូលជីពីបរទេស ដោយបញ្ជាក់ពីសមត្ថភាពរបស់ខ្លួន ដែលអាច ផលិតជីវបាន តែបរាជ័យទៀត៖ «នៅស្រុកខ្មែរ គឺមិនជឿថាមានមនុស្សដូចខ្ញុំទេ ចេះផលិតជី ។ ខ្ញុំមិនត្រឹមតែអាច ធ្វើជីធម្មជាតិនោះទេ ខ្ញុំនៅធ្វើអ្វីៗផ្សេងទៀត។ ដូច្នេះហើយទើបគេមិនហ៊ានឲ្យខ្ញុំខ្ចីលុយ»។
លោក សំណាង ប្រាប់ឲ្យដឹងថា លោកអាចសហការជាមួយដៃគូតាមរយៈ ៤ជម្រើស៖ ទី១ លោកអ្នកផលិត ហើយ តម្រូវដៃគូម្ខាងទៀត ជាអ្នកធានាលក់។ ទី២ លោកអាចតម្លើងរោងចក្រឲ្យដៃគូម្ខាងទៀត ដោយគិតតែថ្លៃឈ្នួល ។ ទី៣ លោកដំឡើងរោងចក្រឲ្យម្ខាងទៀតដោយមិនគិតថ្លៃឈ្នួល តែយកថ្លៃផលិតជីវិញ។ និងទី៤ ដែលជាជម្រើល ចុងក្រោយគឺការចូលរួមជាភាគហ៊ុនជាមួយគ្នា។
តែទោះជាយ៉ាងណា លោក សំណាង បានថ្លៃងនូវក្តីអំពាវនាវដល់អ្នករកស៊ី ក៏ដូចជាអ្នកដែលចាប់អារម្មណ៍ ចង់ វិនិយោជជាមួយខ្លួន អាចទាក់ទងមកលោកបាន តាមរយៈលេខទូរស័ព្ទ ០១២ ៣១ ៣២ ៨០ ឬ០៧០ ៥៥ ២៨១០ អ៊ីម៉ែល៖Samnangh@ymail.com, ហ្វេសប៊ុក៖ Samnang heang ៕

ប្រភពពី៖ដើមអំពិល



0 comments:

Post a Comment