បាញ់ទឹកកាមចេញក្រៅ និងការពន្យាររកំណើត

សូមជម្រាបសួរលោកវេជ្ជបណ្ឌិត! នាងខ្ញុំមានអាយុ២៥ឆ្នាំមកហើយ នាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំមុន។ រយៈ ពេលជាងមួយឆ្នាំនេះ នាងខ្ញុំបានជ្រើសរើស យកវិធីពន្យាររកំណើត តាមរយៈការលេបថ្នាំគ្រាប់ពន្យាររកំណើត។ ប៉ុន្ដែពេលថ្មីៗនេះ ឪពុកម្ដាយ និងប្ដីរបស់នាងខ្ញុំ មិនព្រមឱ្យនាងខ្ញុំ ប្រើប្រាស់នោះទៀតទេ ដោយពួកគាត់ខ្លាចនាងខ្ញុំខូចសុខភាព។ មិត្ដភក្ដិរបស់នាងខ្ញុំបាន ទូន្មានឱ្យនាងខ្ញុំជ្រើសរើស វិធីចាក់ទឹកក្រៅពាង។ តើវិធីនេះមានប្រសិទ្ធភាពឬទេ? សូមលោកវេជ្ជបណ្ឌិត មេត្ដាជួយឱ្យយោបល់ដល់ នាងខ្ញុំផង សូមអរគុណទុកជាមុន។
លោកស្រី វ. ល. ណ អាយុ២៥ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជម្រាបសួរប្អូនស្រី! ការបាញ់ទឹកកាមចេញក្រៅ ឬចាក់ទឹកក្រៅពាងនោះ គឺជាវិធីសាស្ដ្រមួយសម្រាប់បុរស ដែលត្រូវដកប្រដាប់ភេទឬលិង្គចេញមក ខាងក្រៅមុនពេលបាញ់ទឹកកាមចេញ ក្នុងគោលបំណងបញ្ចៀសការបាញ់ទឹក កាមចូលទៅក្នុងទ្វារមាស ដែលនាំឱ្យមេជីវិតបង្កកំណើតបាន។ ប៉ុន្ដែនៅក្នុងការអនុវត្ដជាក់ស្ដែង ការបាញ់ចេញទឹកកាមខាងក្រៅនេះ មានគុណវិបត្ដិច្រើន ដែលក្នុងនោះអាចមានកង្វះ ភាពជាក់លាក់នៃប្រសិទ្ធភាព។
ការបាញ់ទឹកកាមចេញក្រៅនោះ តម្រូវឱ្យបុរសមានការប្រុងប្រយ័ត្នខ្ពស់ និងឆន្ទៈ ជាពិសេសពេលបាញ់ចេញទឹកកាម ដែលជួនកាលពិបាកនឹង អនុវត្ដឱ្យបានត្រឹមត្រូវ។ ម្យ៉ាងទៀតមេជីវិត ស្ពែមម៉ាតូសូអ៊ីដអាចមាន នៅក្នុងទឹករំអិលភេទ ដែលហៀរចេញមុនពេល បាញ់ទឹកកាមចេញ។ រីឯស្ដ្រីជាដៃគូជួនកាលមានការសង្ស័យ មិនទុកចិត្ដទៅលើភាពប៉ិនប្រសប់ ឬភាពសុខស្រួលរបស់ដៃគូខ្លួន។ ព្រោះថានៅក្នុងទឹកកាម១មីលីលីត្រ អាចមានមេជីវិតស្ពែមម៉ាតូសូអ៊ីដដល់ទៅ ២០លានឯណោះ ដែលយើងអាចពិចារណាបានថា គ្រោះមានផ្ទៃពោះអាច កើតមានឡើងយ៉ាងខ្លាំង។ បើតាមការស្រាវជ្រាវ ការបាញ់ទឹកកាមចេញក្រៅ មានប្រសិទ្ធភាពទប់ស្កាត់ការ មានគភ៌បានចំនួន ប្រមាណជា៨០%តែប៉ុណ្ណោះ មានន័យថាអត្រាគ្រោះមានផ្ទៃពោះ អាចមានកម្រិតពី២០%ទៅ២៧%។
បើនិយាយអំពីគុណវិបត្ដិនៃ ការបាញ់ចេញទឹកកាមខាងក្រៅនេះ អាចនៅតែមានផ្ទៃពោះដដែល មានអត្រាគួរឱ្យកត់សម្គាល់ពី២០%ទៅ២៧%។ ហេតុនេះអត្រាបរាជ័យមានកម្រិតធំ ដែលអាចឈានទៅ ដល់ការមានផ្ទៃពោះបាន។ បើគិតពីហេតុផលវិញ មានច្រើនគឺ ៖
- បុរសជាដៃគូមិនបានដក លិង្គមកខាងក្រៅទាន់ពេលវេលា និងជាប្រចាំនោះទេ ឬជួនកាលគាត់មិនបានដឹងឬចាប់អារម្មណ៍ ថាអាចបាញ់ចេញទឹកកាមពេលណានោះទេ ទឹករំអិលភេទដែលចេញមុន ពេលបាញ់ទឹកកាមចេញ អាចមានផ្ទុកទៅដោយមេជីវិតស្ពែមម៉ាតូសូអ៊ីដ។
- បើនិយាយអំពីគុណប្រយោជន៍ វិធីបាញ់ទឹកកាមចេញក្រៅនេះ មានផលប្រយោជន៍តិចតួចបំផុត គឺជាមធ្យោបាយងាយ មិនចំណាយថវិកា មិនមានផលប៉ះពាល់ជាដើម លើកលែងតែការអាច តាំងគភ៌ដោយចៃដន្យ។
សរុបសេចក្ដីមក វិធីបាញ់ទឹកកាមចេញក្រៅ មិនអាចទប់ស្កាត់ការតាំងគភ៌ និងការឆ្លងមេរោគជំងឺកាមរោគបាននោះទេ។ ជារួមវាមិនមែនជាវិធីពន្យារ រកំណើតត្រឹមត្រូវ ប្រសិទ្ធភាព១០០%នោះទេ។ ហេតុនេះប្អូនស្រីមិនគួរទុកចិត្ដលើវិធីនេះឡើយ ក្នុងការពន្យាររកំណើត។ វិធីនេះអាចមានប្រសិទ្ធភាពខ្ពស់ បើសិនជាអាចប្រើថ្នាំសម្លាប់ មេជីវិតដាក់នៅក្នុងទ្វារមាសបន្ថែម៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

-----------------------------
ប្រភពពី៖Lookingtoday

0 comments:

Post a Comment