យល់ដឹងពីវិធីថែទាំធ្មេញ កុំឱ្យដង្កូវស៊ី

ធ្មេញមាន តួនាទីសំខាន់ក្នុងការទំពារ កម្ទេចចំណីអាហារដែល យើងទទួលទាន ហើយអ្វីដែលកាន់តែ ពិសេសទៅទៀតនោះ គឺអាចជួយលើកកម្ពស់ សម្រស់ផ្ទៃមុខរបស់យើង បានផងដែរ។ សុខភាពធ្មេញជារឿងចាំបាច់ដែល យើងគ្រប់គ្នាគួរតែយកចិត្ដទុកដាក់ ថែរក្សា និងការពារ។ ហើយបញ្ហាដែលគួរ តែប្រុងប្រយ័ត្នជាងគេ គឺធ្វើយ៉ាងណាកុំឱ្យ មានបញ្ហាធ្មេញខូច ឬដង្កូវស៊ី។
តើគួរធ្វើយ៉ាងណាដើម្បីថែទាំ ធ្មេញកុំឱ្យដង្កូវស៊ី? ទាក់ទងនឹងបញ្ហានេះទន្ដបណ្ឌិត ញាណ ភីរម្យ ប្រធានក្រុមគ្រូពេទ្យនៃ មន្ទីរព្យាបាលធ្មេញបស្ចឹម នឹងបកស្រាយបំភ្លឺជូនមិត្ដ អ្នកអានតាមរយៈ គេហទំព័រសុខភាពកម្ពុជា។
ដង្កូវស៊ីធ្មេញ ជាអ្វី?
លោកអ្នកខ្លះប្រហែល ជាយល់ថាដង្កូវស៊ីធ្មេញ គឺសំដៅទៅលើសត្វដង្កូវដែល ចូលទៅស៊ីធ្មេញធ្វើឱ្យធ្មេញខូច ឬប្រហោង។ ការពិតដង្កូវស៊ីធ្មេញ ឬធ្មេញពុក គឺសម្គាល់ទៅលើធ្មេញដែលខូច មានប្រហោង និងមានស្នាមខ្មៅ ឬស្នាមស។ ហើយធ្មេញដែលពុក ខូចកាន់តែជ្រៅ អាចធ្វើឱ្យទៅជាស្រៀវនៅ ពេលប៉ះទឹកត្រជាក់ ឬជាតិជូរ និងមានការឈឺចាប់ខ្លាំងទៀតផង។
មូលហេតុដង្កូវស៊ីធ្មេញ
មូលហេតុច្រើនយ៉ាងដែលនាំឱ្យដង្កូវស៊ីធ្មេញ ឬពុកធ្មេញ គឺកត្ដាអនាម័យ និងមេរោគបាក់តេរី។
កត្ដាបាក់តេរី ៖ ចំណីអាហារដែលនៅជាប់ នឹងធ្មេញក្រោយពេលទទួលទាន ចំណីអាហារហើយ វានឹងរលួយក្លាយជាបាក់តេរី ហើយបាក់តេរីទាំងនោះនឹងបង្កឱ្យធ្មេញពុក និងអាចឆ្លងពីធ្មេញមួយទៅធ្មេញមួយទៀតបាន។
កត្ដាអនាម័យ ៖ អនាម័យជាកត្ដាសំខាន់ ក្នុងការថែរក្សាធ្មេញឱ្យបានល្អរឹងមាំ។ ប្រសិនបើមិនបានដុសសម្អាតធ្មេញឱ្យបាន ស្អាតក្នុងរយៈពេល៦ម៉ោងក្រោយ ពេលទទួលទានចំណីអាហារនោះទេ កម្ទេចសំណល់ចំណីអាហារ ដែលនៅជាប់នឹងធ្មេញអាចក្លាយ ទៅជាអាស៊ីដ ហើយមានប្រតិកម្មជាមួយធ្មេញ ដែលមានជាតិកាល់ស្យូម ពេលនោះនឹងកើតជា បញ្ហាពុកធ្មេញ ឬដង្កូវស៊ីធ្មេញនេះឡើង។
ផលប៉ះពាល់ដែលបណ្ដាល មកពីដង្កូវស៊ីធ្មេញ
នៅពេលដែលធ្មេញមានមេរោគ ឬធ្មេញមានបញ្ហា ចៀសមិនផុតពីការដែលមានផលប៉ះពាល់នោះឡើយ។
-ផលប៉ះពាល់ទៅលើធ្មេញខ្លួនឯងផ្ទាល់ ៖ កាលណាមានធ្មេញដង្កូវស៊ី ចំណីអាហារដែលទទួលទាន អាចចូលទៅប៉ះសរសៃ ឬឬសធ្មេញ ពេលនោះធ្វើឱ្យមានអាការឈឺខ្លាំង ហើយរំខានដល់ការទទួលទាន អាហារថែមទៀតផង។ ម្យ៉ាងទៀតពេលដែលចំណីអាហារ ដែលនៅជាប់នឹងប្រហោងធ្មេញយូរទៅ ធ្វើឱ្យមានក្លិនមិនល្អ ហើយប៉ះពាល់ដល់ការ មានទំនាក់ទំនងជាមួយអ្នកដទៃ។
-ផលប៉ះពាល់ដល់សុខភាពទូទៅ ៖ មានធ្មេញដង្កូវស៊ីធ្វើឱ្យយើង មិនអាចទទួលទានអ្វីបាន។ ជួនកាលបរិភោគដែរ តែមិនសូវទំពារបានល្អ ដែលជាហេតុធ្វើឱ្យមានជាជម្ងឺក្រពះ ហើយមេរោគដែលនៅជាប់ នឹងធ្មេញអាចជ្រាបចូលទៅ ក្នុងឈាមធ្វើឱ្យប៉ះពាល់ ដល់ប្រព័ន្ធឈាម ឬក៏អាចប៉ះពាល់ទៅដល់បេះដូង។
ក្រៅពីកត្ដាទាំងពីរខាងលើនេះ ក៏នៅមានការប៉ះពាល់ប្រព័ន្ធ ឬកត្ដាផ្សេងៗទៀតជាច្រើន ដូចជាអាចធ្វើឱ្យឈឺក្បាល ឬប៉ះពាល់ទៅដល់សរសៃប្រសាទ។
វិធីថែទាំធ្មេញកុំឱ្យដង្កូវស៊ី
ការថែទាំធ្មេញឱ្យបានស្អាត គ្មានមេរោគ និងគ្មានដង្កូវស៊ី មិនមែនជាការពិបាក ឬត្រូវចំណាយថវិកាច្រើននោះឡើយ។ ខាង ក្រោមនេះជាវិធីងាយៗដែលប្រជាពលរដ្ឋទូទៅអាចប្រតិបត្ដិបានដោយខ្លួនឯង។
- នៅពេលដែលធ្មេញមិនទាន់ខូច ឬមានជម្ងឺ គួរតែធ្វើការសម្អាតដោយ ការដុសធ្មេញឱ្យបានជាប្រចាំ ជាពិសេសមាតា បិតាគួរណែនាំកូនឱ្យចេះថែរក្សាធ្មេញ ធ្វើអនាម័យធ្មេញ ដើម្បីឱ្យធ្មេញមានសុខភាពល្អ។ ឯការសម្អាតទៀតសោត គួរធ្វើឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ សម្អាតកាកសំណល់ដែលនៅជាប់នឹងជើងធ្មេញ និងចន្លោះណាមួយ ឱ្យបានស្អាត យ៉ាងហោចណាស់ ឱ្យបានពី៣ទៅ ៦ដងក្នុងមួយថ្ងៃ។
- ក្នុងករណីដែលធ្មេញមានបញ្ហា ដូចជាជម្ងឺពុកធ្មេញ មានប្រហោងក្នុងធ្មេញជាដើម គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូ ពេទ្យជំនាញខាងធ្មេញ ដើម្បីធ្វើការពិនិត្យ និងព្យាបាល។ បើមិនទាន់មានបញ្ហានោះទេ ក៏គួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យក្នុងរយៈ ពេលយ៉ាងហោចណាស់៦ខែម្ដង ដើម្បីមើលឱ្យដឹងថាធ្មេញនោះមានប្រហោង ឬមានមេរោគដែរឬទេ។
-ចំពោះកុមារ ការថែរក្សាធ្មេញជារឿងដែល គួរឱ្យយកចិត្ដទុកដាក់បំផុត ព្រោះថាកុមារងាយនឹង ទទួលរងនូវជម្ងឺពុកធ្មេញ ឬដង្កូវស៊ីធ្មេញ។ ប៉ុន្ដែបច្ចុប្បន្នមានផលិតផល ម្យ៉ាងដែលប្រើសម្រាប់ដាក់តាមចង្អូរ ធ្មេញដើម្បីការពារធ្មេញកុំឱ្យដង្កូវស៊ី។ ដូចនេះមាតា បិតាគួរយកបុត្រធីតា ឬជ្រើសរើសផលិតផលនោះមកប្រើដើម្បីការពារ និងថែរក្សាធ្មេញរបស់កូនឱ្យបានល្អរឹងមាំ។
- ច្រាសដុសធ្មេញ គួរជ្រើសរើសប្រភេទច្រាសណាដែលទន់ ងាយស្រួលប្រើ និងមិនធ្វើឱ្យខូចអញ្ចាញធ្មេញ។ ម្យ៉ាងទៀត គួរផ្លាស់ប្ដូរច្រាសដុស ធ្មេញក្នុងរយៈពេល៣ខែម្ដង ទើបជាការល្អ។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នកមេត្ដាស្វែងយល់ អំពីអត្ថប្រយោជន៍របស់ធ្មេញ និងសូមថែរក្សាធ្មេញឱ្យ បានស្អាតមានអនាម័យ ចៀសវាង ការកើតឡើងនូវមេរោគដង្កូវស៊ីធ្មេញ ដែលនាំឱ្យធ្មេញខូច និងធ្មេញពុក ហើយដែលអាចប៉ះពាល់ទៅ ដល់សុខភាពរបស់លោកអ្នកផង ដែរ។ ជាពិសេសចំពោះមាតាបិតា សូមណែនាំបុត្រធីតាឱ្យចេះថែរក្សាធ្មេញ និងដុសសម្អាតធ្មេញឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យ ធ្មេញមានសុខភាពល្អ។ ជាងនេះទៅទៀត គួរឧស្សាហ៍ទៅពិនិត្យធ្មេញ និងសម្អាតធ្មេញជាមួយ គ្រូពេទ្យជំនាញពិតប្រាកដ។ ធ្មេញស្អាត ញញឹមស្រស់!
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com

ប្រភពពី៖Lookingtoday


0 comments:

Post a Comment