FAO ប្រកាស​ថា វីរុស​បង្ក​ជំងឺ​ផ្តាសាយ​បក្សី នឹងកក្រើក​ឡើង​វិញ នារដូវ​រងា

ប្រភព៖ដើមអំពិល

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ថា អង្គការស្បៀង និងកសិកម្ម សហប្រជាជាតិ ហៅកាត់ FAO បានប្រកាសឲ្យដឹងថា វីរុសបង្ក ជំងឺគ្រុនផ្តាសាយបក្សី ដែលរួមមានវីរុស អេច៧អ៊ិន៩ និងអេច៥អ៊ិន១ នឹងកក្រើកឡើងវិញនារដូវរងា ដោយអាចចម្លងមកមនុស្ស និងសត្វ ។
លោក Juan Lubroth ប្រធានទទួលបន្ទុកកិច្ចការ បសុពេទ្យប្រចាំនៅអង្គការ FAO បានលើក ឡើងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាម៉េរិក (USAID), អង្គការសុខភាពពិភពលោក (WHO) និងតំណាងអង្គការហ្វាវ ទទួលផ្នែកមន្ទីរពិសោធន៍អូស្រ្តាលី និងមានសមាសភាពចូលរួម ពីសំណាក់តំណាងប្រទេសចិន និងសហរដ្ឋអាម៉េរិក ដោយលោក បានគូសបញ្ជាក់ថា “ចាំបាច់ណាស់ត្រូវតែ ទប់ស្កាត់ដោយប្រុងប្រយ័ត្ន” ។
លោកបានបន្តថា វីរុសបង្កជំងឺនឹងបន្ត ឆ្លងចូលក្នុងខ្លួនសត្វបក្សី “ការទប់ស្កាត់ត្រូវតែមាន មិនត្រឹមតែទប់ស្កាត់ការឆ្លងរាលដាល នៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងការពារមិនឲ្យមាន ការឆ្លងជំងឺដល់បណ្តាប្រទេសជិតខាង ហើយតំបន់ពាណិជ្ជកម្ម ជាមុខសញ្ញាចម្លងខ្លាំងក្លាបំផុត ”។
គួរបញ្ជាក់ថា អង្គការ FAO បានចូលរួមថវិកាប្រមាណ ២ពាន់លានដុល្លារដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺផ្តាសាយបក្សី ក្នុងនោះ ទឹកប្រាក់ជាង៥លានដុល្លារ ជាបដិភាគចូលរួមរបស់ USAID ដោយផ្តល់ជំនួយដល់បណ្តាប្រទេស ដែលប្រឈមនឹងការផ្ទុះជំងឺ នេះឡើង ៕

0 comments:

Post a Comment