រថយន្តដឹកខ្សាច់ គាំងរ៉ូទីល ចង្កូតជ្រុលទៅ បុករថយន្តពីរគ្រឿង ឲ្យរងការខូចខាត តែមិនមានគ្រោះថ្នាក់ ជីវិតមនុស្សទេ

ប្រភព៖ដើមអំពិល

ភ្នំពេញ ៖ ហេតុការណ៍រថយន្ត ដឹកដីគាំងរ៉ូទីលចង្កូត ពេលចុះផ្លូវចំណោត បណ្តាលឲ្យជ្រុលទៅបុករថយន្ត ពីរគ្រឿង រងការខូចខាតយ៉ាងដំណំ តែមិនមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើង កាលពីរសៀលម៉ោង ៤រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចជិត សាលាសង្កាត់ផ្សារដើមថ្កូវ ជិតរង្វង់មូលផ្សារដើមថ្កូវ តាមបណ្តោយផ្លូវ ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
រថយន្តបង្កជារថយន្តដឹកខ្សាច់ម៉ាក ហ្វ៊ុយហ្ស៊ូ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0084 ជាប្រភេទ រថយន្តដឹកដី និងខ្សាច់ របស់ក្រុមហ៊ុន ឆេង គង់ អ្នកបើកបរឈ្មោះ ណុល ចាន់រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងក្រុមហ៊ុនម្តុំ អូរបែកក្អម។ ចំណែករថយន្តពីរគ្រឿងដែលរងកាខូចខាត មួយគ្រឿងម៉ាកតូយូតា កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ  2K-2453 និងមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-2069 រថយន្តទាំងពីរគ្រឿងនេះ ជារថយន្តចត នៅស្ងៀមក្នុងការ៉ាស់។
តាមការឲ្យដឹងពីសមត្ថកិច្ច ដែលបានឃើញហេតុការណ៍ និយាយថា ដំបូងឃើញ រថយន្តបែនមានដឹកដី ខ្សាច់់ពេញ បានបើកបរតាមបណ្តោយ ផ្លូវ២៧១ ដែលដឹកខ្សាច់ មកពីម្តុំក្បាលថ្នល់ ឆ្ពោះទៅការដ្ឋាន សំណង់ នៅជិតវត្តមហាមន្រ្តី លុះមកដល់ផ្លូវចុះមករង្វង់មូលផ្សារដើមថ្កូវ រថយន្តគាំងចង្កូតទាញលែងវិល បណ្តាលឲ្យជ្រុលទៅ បុករថយន្តចត ស្ងៀម នៅក្នុងការ៉ាស់ លាងរថយន្តពីរគ្រឿង ឲ្យរងការខូចខាត យ៉ាងដំណំ។
បើតាមសំដីអ្នកបើកបរ រថយន្តបែនដឹកដី និយាយប្រាប់ សមត្ថកិច្ចថា រូបគាត់បើកបររថយន្ត មួយគ្រឿងនេះ យូរឆ្នាំមកហើយ មិនដែលមានកើតហេតុ អាក្រក់ដូចពេលនេះទេ កន្លងមក រូបគាត់តែងថែរក្សារថយន្ត ដែលកំពង់ប្រើប្រាស់មិនឲ្យខូច ដូចនៅពេលនេះទេ។ តែពេលនេះ ស្រាប់តែ ខូចគាំងចង្កូតរ៉ូទីលទាញ លែងដំណើរការអញ្ចឹងសោះ។
អ្នកបើករថយន្តបែនដឹកដីបានបន្តថា ការគ្រោះថ្នាក់នេះ គឺជាអចេតនា ហើយមិនមាន គ្រោះថ្នាក់ដល់ជីវិតមនុស្ស ចំពោះសម្ភារ ដូចជារថយន្តពីរគ្រឿង អ្នកបើកបររថយន្ត ឈ្មោះ ណុល ចាន់រ៉ា ធានាជួសជុលសងមិនឲ្យមាន ការរំខានដល់សមត្ថកិច្ចឡើយ។ បន្ទាប់មកសមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ ខណ្ឌចំការមន បានធ្វើកិច្ចសន្យា ឲ្យម្ចាស់រថយន្តបែនដឹកដី សងតាមការជាក់ស្តែង រួចហើយបានអនុញ្ញាតឲ្យរថយន្តដឹកដីខ្សាច់ បើកចេញទៅ ដោយ សុវតិ្តភាព បន្ទាប់ពីត្រូវរ៉ូវសងថ្លៃ ជួសជុលរួច៕


0 comments:

Post a Comment